ទស្សនៈរបស់ ខុងជឺ នៅក្នុងសង្គមមួយ តែងមានមនុស្សពីរប្រភេទ ដែលស្វែងរកវត្ថុពីរផ្ទុយគ្នា

តាមទស្សនៈ ខុងជឺ នៅក្នុងសង្គម មានមនុស្សពីរប្រភេទ ដែលតែងតែស្វែងរកវត្ថុពីរផ្ទុយគ្នា ។ មនុស្សប្រភេទ ទីមួយ ជាមនុស្សប្រកបដោយគតិបណ្ឌិត ដែលសុខចិត្តលះបង់គុណប្រយោជន៍ គ្រប់បែបយ៉ាង ដើម្បីស្វែងរកយុត្តិធម៌និងដើម្បីបណ្តុះកិត្តិស័ព្ទរបស់ខ្លួន ។ ចំណែកមនុស្ស ប្រភេទទីពីរជាប្រភេទ មនុស្សសាមញ្ញដែលសុខចិត្តលះបង់យុត្តិធម៌កិត្តិយស ដើម្បីស្វែងរកគុណប្រយោជន៍ ។

ខុងជឺបានបែងចែកទស្សនៈដូចខាងក្រោម៖

មនុស្សធម៌= ខុងជឺ បានហាមមិនឲ្យធ្វើសង្រ្គាមជាដាច់ខាត ទោះស្ថិក្នុងសភាពបែបណាក៏ដោយ ។ខុងជឺមើលឃើញសង្រ្គាម ជាប្រភពនៃអមនុស្សធម៌ ។ លោកមិនពេញចិត្តចំពោះអំពើឃោរឃៅ អមនុស្សធម៌ ដែលពួកមនុស្ស ធ្វើទៅលើសត្វ និងធ្វើទៅលើមនុស្សគ្នាឯង ដូចករណីកងទ័ព ចាប់​ឈ្លើយសង្រ្គាមមកកាត់ដៃកាត់ជើងបោះទៅលើចុងលំពែង ចាប់មនុស្សយកទៅ ស្រុះទឹកក្តៅ ដូច​ជាស្រុះមាន់ គាបក្បាលពិរុទ្ធជន ឲ្យស្លាប់ដោយទារុណកម្ម ។ល។ អំពើទាំងនេះ សុទ្ធសឹងជា អំពើ អមនុស្សធម៌ ។

យុត្តិធម៌= ខុងជឺ មើលឃើញយុត្តិធម៌ ក្នុងរូបភាពពីរយ៉ាង គឺយុត្តិធម៌នៅក្នុងសង្គម និងយុត្តិធម៌ នៅក្នុងគ្រួសារ។ ដំបូងឡើយ យុត្តិធម៌ កើតមាននៅក្នុងគ្រួសារជាមុនសិន ក្រោយមក ទើបវារាល ដាលដល់សង្គម ។ ខុងជឺ មើលឃើញយុត្តិធម៌ពួនសំងំនៅក្នុងចិត្ត និងកាយវិការរបស់មនុស្ស ។ ហេតុនេះដើម្បីឲ្យយុត្តិធម៌សង្គមកើតមានឡើងជំហ៊ានទីមួយត្រូវធ្វើឲ្យមានយុត្តិធម៌នៅក្នុងគ្រួសារ ជាមុនសិន ។ ខុងជឺ បានឈរលើទស្សនៈថា «កូនត្រូវស្តាប់បង្គាប់ឪពុកម្តាយ និងរាមច្បងរបស់ ខ្លួន» ។

សីលធម៌= ខុងជឺ បានបង្គាប់ឲ្យមនុស្សគ្រប់វណ្ណៈទាំងអស់ នៅក្នុងសង្គម និងគ្រប់ស្រទាប់វណ្ណៈ ទាំងអស់ នៅក្នុងគ្រួសារ ត្រូវតែហ៊ានទទួលនូវកំហុសរបស់ខ្លួន នៅចំពោះមុខគ្រួសារ និងចំពោះ មុខច្បាប់ផងដែរ ។ អ្នកប្រព្រឹត្តល្មើសនឹងច្បាប់ ត្រូវទទួលខុសត្រូវ ទទួលទារុណកម្ម ឲ្យសមនឹង កំហុស ដែលគេបានសាង ។ ប្រសិនបើកំហុសនោះ ធ្ងន់ដល់ប្រហារជីវិត អ្នកទោស ត្រូវតែហ៊ាន ធ្វើអត្តឃាតខ្លួនឯង ។ ទស្សនៈរបស់លោកខុងជឺសង្កត់ធ្ងន់ថា «មនុស្សម្នាក់ៗ ត្រូវមានស្មារតី អៀន ខ្មាសត្រូវតែចេះយល់នូវអ្វី ដែលត្រឹមត្រូវយុត្តិធម៌ សម្រាប់ជីវិត» ។ ខុងជឺ បានបង្កើត សីលធម៌ មួយទៀតហៅថា «ជិន» មានន័យថា «ស្រលាញ់ អ្នកដទៃ» ដោយខុងជឺ មានបំណង ឲ្យអ្នកសិក្សា ស្រលាញ់ផលប្រយោជន៍ និងជីវិតអ្នកដទៃ ឲ្យដូចជាស្រលាញ់ជីវិតរបស់ខ្លួន ។

សីលធម៌នោះគឺ៖
-ធ្វើគុណទៅហើយ បើគេតបមកវិញ ចាត់ទុកដូចជាពុំបានធ្វើគុណ ។
-ធ្វើគុណទៅហើយ បើបានផលអាក្រក់វិញ ត្រូវទទួលថា ជាបទពិសោធន៍ដោយដៃពីរ ។
-អំពើណា ដែលអ្នកពុំចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនោះទៅអ្នកដទៃ ។
-អំពើណា ដែលអ្នកស្រលាញ់ ចង់បាន ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកធ្វើនូវអំពើ នោះទៅអ្នកដទៃ ជាមុនសិន ។
-អំពើណា ដែលធ្វើទៅហើយ បានទទួលផលដល់ខ្លួនឯងហើយ មានទុក្ខដល់អ្នកដទៃ សូមជៀស វាងកុំធ្វើនូវអំពើនោះ ជាដាច់ខាត ។
-បើជួយអ្នកដទៃហើយ បែរជាត្រឡប់មកទទួលទោសវិញ ចូររត់គេច ឲ្យផុតពីទុក្ខទោសនោះឲ្យ បានមុនទុក្ខទោសនោះ មកដល់ ។
-បើធ្វើប្រយោជន៍ហើយ​ សូមកុំរំលឹកគុណទាំងនោះ នៅចំពោះមុខគេឲ្យសោះ បើមិនដូច្នោះទេ​ទោះជាគុណប៉ុនភ្នំ ក៏ត្រូវរលាយដែរ ។
-ត្រូវទុកឲ្យអ្នកដទៃ និយាយពីគុណរបស់អ្នកវិញ ទើបប្រសើរជាង ។
-អ្វីដែលអ្នកមិនសប្បាយចិត្ត ចំពោះអ្នកធំធ្វើមកលើរូបអ្នក ចូរអ្នកកុំយកវាទៅអនុវត្តន៍ លើមនុស្ស ដែលនៅក្រោមបង្គាប់អ្នក ឲ្យសោះ ។

Like and share to support us. Thanks

Be the first to comment

Leave a Reply

Your email address will not be published.


*